User:Bonatheavy
អត្ថន័យនៃការប្រារព្ធពិធីបុណ្យមាឃបូជា
[edit]អោយតែដល់ថ្ងៃ ១៥កើតពេញបូណ៌មី ខែមាឃ ម្ដងៗ ពុទ្ធសាសនិកតែងតែនាំគ្នាប្រារព្ធពិធីដ៏ធំមួយគឺបុណ្យ «មាឃបូជា»។ ពិធីនេះគឺជាឱកាសអោយពុទ្ធសាសនិករំឭកដល់ព្រឹត្តិការណ៍សំខាន់មួយចំនួនដែលបានកើតឡើងនៅក្នុងសម័យពុទ្ធកាល។
ពិធីបុណ្យមាឃបូជា ជាទូទៅត្រូវពុទ្ធបរិស័ទ ឬអ្នកកាន់ព្រះពុទ្ធសាសនាប្រារព្ធធ្វើនៅតាមវត្តអារាម ឬមួយធ្វើនៅឯព្រះសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ។
អ្នកសិក្សាស្រាវជ្រាវផ្នែកព្រះពុទ្ធសាសនាបញ្ជាក់ថា ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងព្រះពុទ្ធសាសនា ឬកាលដ៏អស្ចារ្យមួយដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់នៅមានព្រះជន្មាយុនៅឡើយ។
ព្រះភិក្ខុខេមាន្ទោ ឈន់ ឈឿន គ្រូសូត្រស្ដាំនៅវត្តដំណាក់ ខេត្តសៀមរាប។ ព្រះអង្គមានថេរដីកាថា ថ្ងៃមាឃបូជា គឺរំឭកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ៖ «ជាព្រឹត្តិការណ៍ដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារ បានន័យថា កំណត់ពេលបរិនិព្វាន នៅពេលដែលមារបានទៅអារាធនាព្រះអង្គក៏បានទទួលយល់ព្រមជាមួយនឹងមារ អ៊ីចឹងនៅ ៣ខែទៀតតថាគតនឹងបរិនិព្វាន»។
ព្រះតេជព្រះគុណ ឈន់ ឈឿន មានថេរដីកាបន្តថា ថ្ងៃមាឃបូជាក៏ជាថ្ងៃរំលឹកទៅដល់ពេលដែលព្រះពុទ្ធអង្គសម្ដែងនូវឱវាទបាតិមោក្ខប្រទានដល់ព្រះភិក្ខុសង្ឃជាអរហន្តទាំង ១.២៥០អង្គ ដែលបានមកចូលរួមចតុរង្គសន្និបាត៖ «កាលនោះព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ ព្រោះតែកាលណាគ្រាន់តែព្រះអង្គនឹងឃើញថា ចង់សម្ដែងបាតិមោក្ខ គឺចង់ជួបនឹងពួកភិក្ខុ ពេលនោះព្រះអរហន្តទាំង ១២៥០អង្គ សុទ្ធតែជាព្រះអរហន្តលោកនិមន្តមកដោយពុំមានអ្នកនិមន្តទេ បានន័យថា បានមកដល់ភ្លាម»។
បដាផ្សព្វផ្សាយអត្ថន័យនៃពិធីបុណ្យមាឃបូជា ដែលត្រូវបានគេដាក់តាំងនៅក្នុងខេត្តបន្ទាយមានជ័យ។ រូបថតផ្ដល់ឲ្យដោយព្រះតេជព្រះគុណ ចាន់ សុជន រូបថតផ្ដល់ឲ្យដោយព្រះតេជព្រះគុណ ចាន់ សុជន
ការប្រជុំចតុរង្គសន្និបាត ជាកាលដ៏អស្ចារ្យ ពីព្រោះការប្រជុំនោះ គឺប្រកបដោយអង្គ៤ ដែលរួមមាន អង្គទី១ គឺពេលនោះជាថ្ងៃឧបោសថសីលមានព្រះចន្ទពេញវង់ ថ្ងៃ ១៥កើតជាថ្ងៃពេញបូណ៌មី ខែមាឃ។ អង្គទី២ ព្រះភិក្ខុសង្ឃសាវ័កដែលបានមកចូលរួមចតុរង្គសន្និបាតទាំង ១.២៥០អង្គនោះ គឺបាននិមន្តមកពីទិសទាំង៤ ដោយមិនបានកំណត់ពេលគ្នា ឬក៏ផ្ដល់ដំណឹងណាត់ទុកជាមួយគ្នាអ្វីមុនទាល់តែសោះ ក៏ស្រាប់តែដល់ថ្ងៃនោះ បាននិមន្តមកព្រមៗគ្នាតែម្ដង។ អង្គទី៣ ព្រះភិក្ខុសង្ឃទាំងអម្បាលម៉ាននោះ សុទ្ធសឹងតែជាព្រះអរហន្ត ឬជាបុគ្គលដែលបានសម្រេចអរហត្ត ប្រាសចាករាគៈ (លោភៈ) ទោសៈ មោហៈ ជាអ្នកសម្រេចនូវអភិញ្ញា៦ ឬមានចំណេះដឹងយ៉ាងខ្ពស់ក្នុងលោកុត្តរធម៌នៃព្រះពុទ្ធសាសនា។ ចំណែកអង្គទី៤ គឺព្រះភិក្ខុសង្ឃ ១.២៥០អង្គនោះ សុទ្ធតែជាឯហិភិក្ខុ ដូចគ្នាទាំងអស់។ ដែលហៅថា ឯហិភិក្ខុ គឺជាភិក្ខុដែលបំបួសឡើងដោយព្រះសម្មាសម្ពុទ្ធផ្ទាល់ ហើយពេលបំបួសនោះ គឺមានស្បង់ចីវរបានប្រាកដឡើងដោយឯកឯង ហើយការកាត់កោរសក់ កោរពុកមាត់ ពុកចង្កា ក៏កើតឡើងដោយឯកឯងដែរ ដោយអំណាចនៃបុណ្យបារមីរបស់ព្រះភិក្ខុសង្ឃទាំងនោះ ដែលបានធ្វើសន្សំទុកមកជាច្រើនជាតិ។
ក្នុងថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះ ពុទ្ធសាសនិកនៅកម្ពុជា ភាគច្រើនបានធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា។ ស្របគ្នានេះ ពុទ្ធបរិស័ទនៅតាមវត្តអារាមមួយចំនួនក៏បានដង្ហែក្បួនដាក់បង្ហាញគំនូរដែលនិយាយពីពុទ្ធប្រវត្តិដែរ។
អ្នកសិក្សាផ្នែកព្រះពុទ្ធសាសនាបានបញ្ជាក់ប្រាប់ដែរថា ការប្រារព្ធពិធីបុណ្យមាឃបូជា ដែលពុទ្ធបរិស័ទបច្ចុប្បន្នធ្វើ គឺដើម្បីរំឭកដល់ព្រះមហាករុណាទិគុណព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ប្រជុំចតុរង្គសន្និបាត ឬសម្ដែងឱវាទបាតិមោក្ខក្តី និងកាលដែលទ្រង់ដាក់អាយុសង្ខារក្តីណានោះ គឺការគោរពបូជាមិនមែនសំដៅ យកតែចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តនោះទេ ការបូជាដ៏សំខាន់ក្នុងថ្ងៃមាឃបូជា គឺពុទ្ធបរិស័ទទាំងអស់ គប្បីគោរពតាមពុទ្ធឱវាទ ដូចជានាំគ្នារក្សាសីល រួមមានសីល៥ សីល៨ ជាដើមឡើងទៅ។
ក្រៅពីនេះអ្នកសិក្សាផ្នែកព្រះពុទ្ធសាសនាក៏បានណែនាំថាពុទ្ធសាសនិកគប្បីនាំគ្នាបដិបត្តិធម៌វិបស្សនាកម្មដ្ឋាន និងចម្រើនមេត្តាភាវនាផងដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងអម្បាលម៉ាននេះ ជូនដល់បុព្វការីជន មាតាបិតា ជីដូនជីតា និងសព្វសត្វទាំងអស់ ឲ្យបានដល់នូវសេចក្តីសុខ ពិសេសឲ្យបានដល់មនុស្សទូទៅក្នុងសង្គមជាតិខ្មែរ ដែលសព្វថ្ងៃកំពុងជួបបញ្ហាលំបាកផ្នែកនយោបាយមានអំពើហិង្សា សូមឲ្យបានស្បើយពីបញ្ហានេះ និងបានចុះសម្រុងគ្នាឡើងវិញ ដើម្បីរួមគ្នាកសាងកម្ពុជា ឲ្យមានសុខសន្តិភាព និងចម្រើនរុងរឿងតទៅមុខ៕
ផ្នែកបដិបតិ្តប្រចាំថ្ងៃ